លោកអ្នកឧកញ៉ា ទ្រី ភាព ស្នើឲ្យសមាជិក សមាជិកាទាំងអស់បន្តបម្រើមូលដ្ឋានអស់ពីចិត្ត បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្ស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង ឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាសមាជិកសមាជិកាក្រុមការងារថ្នាក់ខេត្ត និងជាប្រធាន អនុប្រធាន សមាជិកសមាជិកាគណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ ៧០០នាក់។
ក្នុងកិច្ចស្វាគមន៍របស់ លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល័្លង្គ បានបញ្ជាក់ពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដោយបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្ត ស្រុក និង ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំ លើកកម្ពស់ការការអនុវត្ត គោលនយោបាយ ជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
បន្ទាប់ពីការប្រកាសសេចក្តីសម្រេចសមាសភាពថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្គ រួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ ស្រុក ឃុំ និងអាជ្ញាធរទាំងអស់ ដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឲ្យខេត្តទទួលបានជ័យជំនះត្រចះត្រចង់។
លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តបម្រើមូលដ្ឋានអស់ពីចិត្តពីថ្លើម បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និង អនុវត្តឲ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់គណបក្ស។
ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ប្រធានក្រុមការងារគណបក្សស្រុក ក៏បាននាំយកនូវអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសជិកសមាជិកាដែលអញ្ជើញចូលរួមផងដែរ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ១៤០លានរៀល។
បន្ទាប់ពិធីប្រកាសនេះត្រូវបានបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយប្រធាន អនុប្រធាន និងសមាជិកសមាជិកគណបក្សប្រកបដោយភាពស្និតស្នាលបំផុត ៕