ឯកឧត្ដម សួស ប្រាថ្នា៖ រយៈពេល ៩ខែ នៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលបានជិត ២០លានដុល្លារ ពីការផ្ដល់សេវា
ភ្នំពេញ៖ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ឧសភា ឆ្នាំ២០២៤ ពោលគឺ៩ខែនៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាបាន៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលស្មើនឹងជាង ១៩,៣លានដុល្លារអាមេរិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សួស ប្រាថ្នា ក៏បានបង្ហាញពីវឌ្ឍនភាពក៏ដូចជាសមិទ្ធផលដែលសម្រេចបាន ក្នុងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយលោកបានថ្លែងបែបនេះថា៖ «ចំពោះសមិទ្ធផលការងារសម្រេចបាននៅក្នុងរយៈពេល៩ខែ សម្រាប់រដ្ឋាភិបាលនីតិកាលទី៧នេះ គឺគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ គឺអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលសមមូលនឹងប្រាក់ដុល្លារចំនួន ១៩,៣៩៣,៤១២ដុល្លារ ហើយក្នុងនោះវិស័យដែលផ្ដល់សេវានិងទទួលបានចំណូលច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់វិស័យដែលផ្ដល់សេវានិងទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្ម»។
ឯកឧត្ដម សួស ប្រាថ្នា បន្តថា ចំពោះការិយាល័យច្រកចេញចូលតែមួយនៅក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន កំពុងផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង៣០០សេវា ដល់វិស័យចំនួន១៧ ដូចជាវិស័យទេសចរណ៍, វប្បធម៌, ពាណិជ្ជកម្ម, សាធារណការ, ឧស្សាហកម្ម, សំណង់, កសិកម្ម, សុខាភិបាល, អប់រំ, រ៉ែ និងថាមពល, បរិស្ថាន, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ធម្មការ និងសាសនា, អត្រានុកូលដ្ឋាន, នីត្យានុកូលកម្ម, រដ្ឋបាល និងវិស័យការងារការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានបន្ថែមថា គិតចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២៣ ការិយាល័យក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុប ១៥,៧៣,២០៨សេវា និងទទួលបានចំណូលសរុបចំនួន ១៥៩,៣៩៧,៥៥០,៧៦០រៀល ដែលសមមូលនឹងប្រាក់ដុល្លារសរុប ៣៩,៨៤៩,៣៨៧ដុល្លារ។
ឯកឧត្ដមលើកឡើងថា ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល៩ខែ ក្នុងអាណត្តិទី៧នេះវិញ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២,៤២១,៨៩៦សេវា ហើយទទួលបានចំណូលសរុប ៨,០៨៧,៥៧៩,០៣៤រៀល ដែលសមមូលនឹងប្រាក់ដុល្លារចំនួន ២,០២១,៨៩៤ដុល្លារ។ នៅក្នុងនោះវិស័យដែលផ្ដល់សេវានិងទទួលបានប្រាក់ចំណូលច្រើនជាងគេគឺ វិស័យសូរិយោដី និងវិស័យដែលផ្ដល់សេវានិងប្រាក់ចំណូលទទួលបានតិចជាងគេគឺ វិស័យពាណិជ្ជកម្ម។
បន្ថែមពីនេះឯកឧត្ដម សួស ប្រាថ្នា គូសបញ្ជាក់ថា សម្រាប់រដ្ឋបាលច្រកចេញចូលតែមួយថ្នាក់ឃុំ/សង្កាត់ បាននិងកំពុងដាក់ឱ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនេះ ខណៈដែលអគ្គនាយកដ្ឋានរដ្ឋបាល បានចេញលិខិតជូនដំណឹងដល់រដ្ឋបាលថ្នាក់ខេត្តទាំងអស់ ដើម្បីគាំទ្រការរៀបចំរដ្ឋបាលច្រកចេញចូលតែមួយនេះនៅថ្នាក់ឃុំ/សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបានផ្សព្វផ្សាយតាំងពីឆ្នាំ២០២២កន្លងមក ដែលក្នងនោះមានសេវាចំនួន២៣ កំពុងដាក់ឱ្យអនុវត្តនៅច្រកចេញចូលតែមួយថ្នាក់ឃុំ/សង្កាត់ផងដែរ៕