សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតី ក្នុងព្រះរាជពិធីចម្រើន ព្រះជន្មវស្សា ដោយមានការនិមន្តចូលរួម ពីព្រះមន្ត្រីសង្ឃខេត្ត ក្រុងស្រុកទាំងពីរគណៈសរុប ៩អង្គនិមន្តមកពី៩វត្ត នៃក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ បាននិមន្តចម្រើនព្រះបរិត្ត ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមគន្លងព្រះពុទ្ធសាសនា និងដោយមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខ អនុសាខា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន អ្នកស្ម័គ្រចិត្ត សរុបប្រមាណចំនួន៤៤៦អង្គ/រូប ដែលពិធីនេះប្រព្រឹត្តទៅ នៅសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ និងសហការីទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា បាត់ដំបង មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។
ក្នុងវរោកាសដ៏មហាប្រសើរថ្លៃថ្លានេះ ឯកឧត្តម សុខ លូ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា បាត់ដំបង សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយ៉ាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះ ជាតិ មាតុភូមិ។
ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជូបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់ខ្ញុំម្ចាស់ និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។
សូមជម្រាបជូនថា ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃចំនួន ៩អង្គ ក្នុង១អង្គ ប្រគេន៖ ស្លាដក១,ចង្ហាន់ ១ស្រាក់, ផ្លែឈើស្រស់ ១កន្ត្រក, ទឹកបរិសុទ្ធ២កេស, ទឹកក្រូច ២កេស, និងបច្ច័យ ១០ម៉ឺនរៀលផងដែរ៕