សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣០ ជាង៣ពាន់នាក់នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មីលើកទី៣០ ចំនួន៣៤២៧នាក់ ខណៈអ្នកចូលរួមសរុបមានចំនួន៣៨៧៩ ស្ថិតនៅមជ្ឈមណ្ឌលដឹព្រេមៀ សែន សុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងភរិយាថ្នាក់ដឹកនាំ ស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម មានការសម្ដែងរបាំថ្វាយព្រះពរ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា ដោយសមាជិកាសកម្មសាខាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងមានការចាក់វីដេអូថ្វាយព្រះពរចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ពីសំណាក់សមាជិកាសកម្មពីគ្រប់សាខាផងដែរ។ បន្ថែមលើនេះ អង្គពិធីក៏នៅមានពិធីបង្ហាញវីដេអូខ្លី ស្តីពីសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងមានការធ្វើបទបង្ហាញអំពីរបៀបចងកន្សែង, របៀបស្វាគមន៍ និងអរគុណ ដោយសមាជិកាសកម្មសាខាអង្គការមូលនិធិកុមារកម្ពុជា(CCF)។
បន្ទាប់ពីបានទស្សនាការសម្ដែងរបាំ និងសណ្តាប់របាយការណ៍រួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការចូលជាសមាជិកា-សមាជិកនៃ សមាគម កាយ ឫទ្ធិនារីកម្ពុជា គឺជាការចូលរួមផ្តុំកម្លាំង ស្ម័គ្រចិត្តរួមមួយ ដែលបានផ្ដល់ ឱ្យ សមាជិកា នូវ ចំណេះ ដឹង បទ ពិសោធជីវិត ការងារ និងលទ្ធភាពធ្វើការរួមគ្នាដើម្បីជាប្រយោជន៍សម្រាប់សង្គម។ លើសពីនេះ កុមារី និងយុវតី ក៏ដូចជាសមាជិការបស់សមាគម នឹងទទួលបានការបណ្ដុះបណ្ដាលលើផ្នែកប្រជ្ញាស្មារតី ភាពអំណត់ តស៊ូព្យាយាម ចេះជួយយកអាសាអ្នកដទៃ ចេះធ្វើ ការងារ ជា ក្រុម និងការបណ្តុះសមត្ថភាពភាពឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ដើម្បីក្លាយជាធនធានជួយអភិវឌ្ឍប្រទេសជាតិ។
បន្ថែមលើនេះ លោកជំទាវបណ្ឌិតអគ្គស្នងការ បញ្ជាក់ថា លោកជំទាវមានក្ដីសុបិនដ៏ធំមួយ គឺការពង្រីកសាខាសមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យបាននៅទូទាំងរាជធានី-ខេត្តទាំង២៥របស់ប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មានសាខារបស់ខ្លួនចំនួន៤ខេត្តរួចមកហើយគឺ៖ ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង និងកំពត ហើយនៅថ្ងៃនេះដែរ សមាគមកាយឫទ្ធិនារីកម្ពុជា បានពង្រីកសាខាបន្ថែមចំនួន៣គឺ៖ ខេត្តកណ្តាល មណ្ឌលគិរី និងរាជធានីភ្នំពេញ ដែលមាន សមាជិកា-សមាជិកថ្មី ចូលរួមចំនួន៣៤២៧នាក់។
លោកជំទាវទី១នៃកម្ពុជា បានគូសបញ្ជាក់បន្ថែមថា លោកជំទាវមានមោទនភាពយ៉ាងក្រៃលែង ដែលបានមើលឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកជំទាវ ក៏មានមោទនភាពចំពោះស្នងការទាំង១៥រូបរបស់សមាគមកាយឫទ្ធិនារីកម្ពុជាផងដែរ ដែលបានប្រឹងប្រែងធ្វើកិច្ចការងាររួមគ្នារហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ បើទោះបីជាស្នងការទាំងអស់មានចំណេះជំនាញផ្សេងៗគ្នា ប៉ុន្តែពួកគាត់នៅតែអាចធ្វើការជាមួយគ្នា និងសហការគ្នាបានយ៉ាងល្អប្រសើរ។
ស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា
បន្ទាប់មកមានការបំពាក់កន្សែងចូលជាសមាជិកា-សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា និងបទបង្ហាញពីរបៀបនៃការស្វាគមន៍របស់សមាជិកថ្មី និងការអរគុណនៃសមាជិកចាស់។
លោកជំទាវ ង៉ោ ងួនធារី ស្នងការទំនាក់ទំនងសាធារណៈ បានអញ្ជើញឡើងអានសេចក្ដីសម្រេច ស្តីពីការតែងតាំង ក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ សាខាខេត្តកណ្តាល និងសាខាខេត្តមណ្ឌលគិរី ដែលមាន លោកជំទាវ ជា ស៊ីណា ជាប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ, លោកជំទាវ ប៉ាន់ ត្រាប្រណី ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្តាល, និងលោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងមានគោលដៅច្បាស់លាស់របស់លោកជំទាវបណ្ឌិតអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលគួរជាទីមោទនៈបំផុត កេរ្តិ៍ឈ្មោះ សមាគមកាយឫទ្ធិនារីកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានរីកត្រដែតឡើងលើឆាកអន្តរជាតិ ដោយសម្រេចបាននូវការងារធំៗជាច្រើននាពេលកន្លងមក។
ក្រោយពីទទួលបានការតែងតាំងរួច ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងបី បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខ លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថានឹងចូលរួមបេសកកម្មបម្រើការងាររបស់សមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យអស់ពីចិត្តពីថ្លើម ដើម្បីលើកកម្ពស់គុណវឌ្ឍយុវតី កុមារី និងសមាជិកាសមាគម ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕