អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើការបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រប់បណ្តាកងល្បាត និង ជំនាញពាក់ព័ន្ធចំណុះកងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤។
ក្នុងឱកាសនេះដែរ លោកមេបញ្ជាការ បានបញ្ជាក់ថាតាមរយៈ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជា មេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឯកឧត្តមបានមានប្រសាសន៍ថា សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខភាពរបស់កងទ័ពគ្រប់កាលៈទេសៈ តួយ៉ាងជារៀងរាល់ឆ្នាំ នៅរដូវភ្លៀង បានចែកអាវភ្លៀង រដូវរងារ បានចែកអាវរងារ ជូនដល់យោធិនគ្រប់ៗរូប ។
ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងកងការពារព្រំដែនគោកលេខ៤០៣ លោកមេបញ្ជាការ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ ។
សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕