សម្តេចធិបតី ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី ដែលមានអ្នកវិនិយោគចូលរួមសរុប ចំនួន៤៨១នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន៣៤៨ក្រុមហ៊ុន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារកម្ពុជាដែលមានថាមពល និងកំពុងរីកចម្រើនប្រកបដោយចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងប៉ុន្មានខែដំបូងនៃអាណត្តិ របស់សម្តេចជានាយករដ្ឋមន្ត្រីនៃនីតិកាលទី៧ សម្តេចបានដឹកនាំវេទិការរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់ដែលលើកឡើងដោយអង្គភាពធុរកិច្ច និងវិនិយោគិនក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិធានការច្បាស់លាស់ជាច្រើនត្រូវបានដាក់ចេញ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម និងសម្រាលបន្ទុកស្ទើរតែទាំងអស់ ដែលនាំវិស័យឯកជនទាំងអស់ ទៅរកវិស័យអាទិភាព ដូចជាទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿថា ជំនាញបច្ចេកវិទ្យារបស់សិង្ហបុរី អាចជាកាតាលិករ អាចជំរុញផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា និងបង្កើតកាលានុវត្តភាពដែលអាចផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមកសម្រាប់ប្រជាជនទាំងពីរ កម្ពុជា-សិង្ហបុរី។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងការណែនាំគ្រប់ជ្រុងជ្រោយពេញមួយដំណើរការវិនិយោគរបស់ក្រុមអ្នកវិនិយោគិនសិង្ហបុរី ដើម្បីធានាបាននូវបទពិសោធន៍ពាណិជ្ជកម្មប្រកបដោយភាពរលូន និងជោគជ័យ៕