រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាពិភាក្សាស្តីពី «អនាគតទំនាក់ទំនងអាស៊ាន-ចិន» នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន។ កិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈផ្តោតលើ ដំណើរការប្រព្រឹត្តទៅរបស់អាស៊ាន វិធីសាស្រ្តល្អៗក្នុងការនាំយកអាស៊ានឱ្យកាន់តែខិតជិតប្រជាជននៃបណ្តារដ្ឋសមាជិកនីមួយៗ ក៏ដូចជាវិធីសាស្រ្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីភាពប្រសើរឡើងនៃប្រជាជនរបស់ខ្លួន ៕