នីតិរដ្ឋតាមបែបផែនចិនប្រកាន់ខ្ជាប់នូវអភិបាលកិច្ចជាតិតាមលំអានច្បាប់និងគ្រប់គ្រងប្រជាជនដោយគុណធម៌
នីតិរដ្ឋតាមបែបផែនចិនក្នុងសម័យទំនើបនេះត្រូវបានរៀបចំឡើងចាប់ពីពេលដែលប្រទេសចិនបានបង្កើតប្រព័ន្ធច្បាប់តាមលំអានរបបសង្គមនិយមតាមបែបផែនចិនដោយមានរដ្ឋធម្មនុញ្ញជាគោលការណ៍គ្រឹះ ដោយផ្តើមចេញពីដំណាក់កាលដំបូងក្នុងឆ្នាំ១៩៤៩ ហើយគិតរហូតមកដល់ពេលនេះមានអាយុកាល៧៥ឆ្នាំដែលបានផ្តល់នូវចម្លើយយ៉ាងច្បាស់លាស់ថា រដ្ឋធម្មនុញ្ញរបស់ប្រទេសចិនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងវាសនាប្រជាជនចិននិងប្រទេសចិនស្របនឹងទស្សនវិជ្ជាចិនដែលតែងបានលើកឡើងថា «គ្មានសមិទ្ធផលណាមួយរបស់ប្រជាជនអាចសម្រេចបានដោយគ្មានបទដ្ឋានរបស់បទបញ្ជា និងគោលការណ៍ច្បាប់នោះឡើយ»។ ការថែរក្សាការពារអំណាចរបស់រដ្ឋធម្មនុញ្ញ គឺជាការថែរក្សាអំណាចនៃឆន្ទៈរួមរបស់ប្រជាជននិងបក្សកុម្មុយនិស្តចិន។ នីតិរដ្ឋចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បានធានានូវការអនុវត្តរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធានាដល់ផលប្រយោជន៍របស់ប្រជាជនចិនដែលជាម្ចាស់ប្រទេស និងជាម្ចាស់អំណាច។
នីតិរដ្ឋតាមបែបផែនចិនគឺជាគោលការណ៍មូលដ្ឋានដែលបក្សកុម្មុយនិស្តចិនអនុវត្តតាមគោលបំណងដើមរបស់ខ្លួនក្នុងការដឹកនាំប្រទេសនិងប្រជាជនចិនឆ្ពោះទៅកាន់វិបុលភាព ហើយវាជាចំណុចសំខាន់នៃមាគ៌ាសង្គមនិយមតាមបែបផែនចិនដែលមានភាពត្រឹមត្រូវស្របតាមលក្ខខណ្ឌជាតិ និងសច្ចភាពរបស់ប្រទេសចិន ហើយស័ក្តិសមឥតខ្ចោះនឹងគុណតម្លៃមនុស្សជាតិ។ តាមរយៈការអនុវត្តនូវគោលការណ៍ច្បាប់តាមបែបផែនចិនបានដឹកនាំប្រទេសយល់ច្បាស់ពីអាទិភាពនៃការងារនៅក្នុងសង្គមចិន ដែលយើងឃើញថា ដំបូងបង្កើនប្រសិទ្ធភាពនៃសមភាពសង្គម ហើយបន្ទាប់មកទៀតយើងនឹងឃើញពីស្ថិរភាពសង្គមនឹងមកតាមក្រោយ។ ប្រព័ន្ធច្បាប់តាមបែបផែនចិនបានលើកទឹកចិត្តដល់ប្រជាជនចិនរួមគ្នាកសាងសង្គមនិយមដែលបានផ្តល់ឱ្យបក្សកុម្មុយនីស្តចិនបង្កើតគោលគំនិត និងយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រកបដោយស័ក្តិសិទ្ធភាពតាមរយៈភាពបន្ស៊ីគ្នា ប្រៀបដូចជាការលេងPiano គឺគ្រប់ម្រាមដៃទាំង១០សុទ្ធតែមានចលនាទាំងអស់ មិនមែនម្រាមខ្លះមានចលនា ហើយម្រាមខ្លះគ្មានចលនានោះទេ។ ប៉ុន្តែប្រសិនបើម្រាមដៃទាំង១០នោះចុចដំណាលគ្នាក្នុងពេលតែមួយ នោះវាមិនមែនជាបទភ្លេងនោះទេ។ ក្នុងន័យនេះ ដើម្បីបង្កើតជាតន្ត្រីដ៏ពីរោះមួយបទ ម្រាមដៃទាំង១០ត្រូវធ្វើចលនាស៊ីចង្វាក់គ្នា និងមានភាពបន្ស៊ីគ្នា។
នីតិរដ្ឋតាមបែបផែនចិនបានលាតត្រដាតយ៉ាងស៊ីជម្រៅថា ភាពរុងរឿងនៃប្រព័ន្ធច្បាប់តាមបែបផែនចិននឹងនាំទៅរកភាពរុងរោចន៍និងរឹងមាំរបស់ប្រទេសចិនតាមរយៈការចូលរួមរបស់ប្រជាជនចិននៅក្នុងការបង្កើតច្បាប់ប្រកបដោយប្រសិទ្ធភាព ហើយបានឆ្លុះបញ្ចាំងតាមរយៈអារម្មណ៍ ពាក្យសម្តី និងទង្វើផ្ទាល់របស់ប្រជាជនចិននៅក្នុងការលើកកម្ពស់ប្រជាធិបតេយ្យដែលបានដំណើរការចាក់ឬសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនចិនដែលយើងបានឃើញច្បាស់តាមរយៈប្រាក់ចំណូលមធ្យមប្រជាជនចិនក្នុងឆ្នាំ ២០២៣កន្លងមកបានកើនដល់១២ ៥១៤ (ដប់ពីរពាន់ប្រាំរយដប់បួន)ដុល្លារអាមេរិក ដោយបានរួមចំណែកដល់ការចែករំលែកពុទ្ធិនិងបទពិសោធន៍ដល់បណ្តាប្រទេសនានាដើម្បីងើបចាកផុតពីភាពក្រីក្រ ហើយក៏វាក៏ជាកាលានុវត្តភាពដែលប្រទេសនានាបានចូលរួមយ៉ាងសកម្មជាមួយប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមទាំង៤ដែលបានផ្តួចផ្តើមដោយប្រទេសចិននៅក្នុងរង្វង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
នីតិរដ្ឋតាមបែបផែនចិនគឺជាលក្ខណៈពិសេសរបស់ប្រទេសចិនដែលបានលើកស្ទួយប្រាជ្ញាអរិយធម៌ច្បាប់សកលដោយការធ្វើសមាហរណកម្មនូវគោលការណ៍ច្បាប់និងគោលការណ៍គុណធម៌រួមបញ្ចូលគ្នា ហើយគោលការណ៍ទាំងពីរនេះនឹងបំពេញឲ្យគ្នា និងពង្រឹងគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ទំនើបកម្មប្រព័ន្ធអភិបាលកិច្ចប្រទេសចិន ហើយគោលការណ៍ទាំងពីរនេះបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សង្គមចិន ដោយច្បាប់ជាអ្នកធានាឲ្យមាននូវស្ថិរភាពសង្គម ខណៈពេលដែលគុណធម៌ជួយទ្រទ្រង់ដល់ផ្នត់គំនិតរបស់សង្គម។ ការអនុវត្តច្បាប់ប្រកបដោយភាពស័ក្តិសិទ្ធិ ក៏ត្រូវពឹងផ្អែកទៅលើការអនុវត្តគុណធម៌បានយ៉ាងល្អប្រពៃ ស្របពេលដែលគុណធម៌ត្រូវប្រព្រឹត្តស្របតាមច្បាប់។ ច្បាប់និងគុណធម៌ គឺជាគោលការណ៍២ដែលមិនអាចបំបែកចេញពីគ្នាបានរបស់នីតិរដ្ឋចិន ហើយគោលការណ៍ទាំងពីរនេះតែងបានអនុវត្តប្រកបដោយមានតុល្យភាព និងមានភាពបន្ស៊ីគ្នា បានផ្តល់នូវកម្លាំងចិត្តដល់ប្រជាជនចិនយល់ស្របគ្នាថា ច្បាប់របស់ប្រទេសចិនឈរជាមួយប្រជាជនចិន ការពារប្រជាជនចិន និងបម្រើប្រជាជនចិន។ ប្រជាជនចិនបានរស់នៅក្រោមដំបូលនីតិរដ្ឋដែលឆ្លុះបញ្ចាំងនូវតថភាពប្រព័ន្ធច្បាប់របស់ប្រទេសចិនដែលផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញដល់ប្រជាជនចិនស្របទៅតាមក្របខណ្ឌនៃគុណធម៌និងសីលធម៌របស់ជនជាតិចិន ហើយបានជំរុញឱ្យក្រមគុណធម៌និងសីលធម៌ចិន ផ្តល់មកវិញនូវគ្រឿងបំពាក់បំប៉ន ឬអាហារូបត្ថម្ភបន្ថែមទៀតដល់ការអភិវឌ្ឍគោលការណ៍ច្បាប់ក្នុងប្រទេសចិន។ជារួមរយៈពេល៧៥ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង ហើយជាពិសេសចាប់ពីឆ្នាំ២០១២មក ក្នុងរយៈពេលជាង១ទសវត្សរ៍ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាដ៏វាងវៃរបស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រទេសចិនគឺជានីតិរដ្ឋដែលមានភាពរឹងមាំលើប្រព័ន្ធច្បាប់និងជាគំរូដល់ប្រព័ន្ធច្បាប់សកល ជាប្រទេសពោរពេញដោយសុវត្ថិភាព ជាប្រទេសដែលប្រជាជនចិនស្គាល់នូវវិបុលភាពនៃជីវភាពរស់នៅកាន់តែប្រសើរ ជាប្រទេសដែលបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការពង្រឹងអំណាចច្បាប់អន្តរជាតិ គោរពនិងផ្តល់តម្លៃយ៉ាងខ្ជាប់ខ្ជួនដល់គោលការណ៍ច្បាប់អន្តរជាតិក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ព្រមទាំងជាប្រទេសដែលបានប្រកៀកស្មាជាមួយបណ្តាប្រទេសនានាជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ និងជាប្រទេសដែលឈរជាប់ជានិច្ចជាមួយសហគមន៍អន្តរជាតិនូវកិច្ចសហប្រតិបត្តិការពហុភាគីនិយម៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន