លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ អញ្ជើញសម្ពោធមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា និងបើកស្លាកមជ្ឈមណ្ឌលសិក្សាខុងជឺកម្ពុជា នៅភ្នំពេញ
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា (Study in China) និងបើកស្លាកមជ្ឈមណ្ឌលសិក្សាខុងជឺកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងក្រសួងធម្មការ និងសាសនា តំណាងសមាគមកម្ពុជា-ចិន សហនាយកនៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងសាកលវិទ្យាល័យ តំណាងសាលារៀនរដ្ឋ និងឯកជន លោក លោកស្រី ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិប្រមាណ ៩០នាក់។
ថ្លែងក្នុងឱកាសនេះ ប្រធានមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា បានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលស្តានីអ៊ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺកម្ពុជា មិនត្រឹមតែជាស្ពានតភ្ជាប់វប្បធម៌ចិនសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្លាយជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ប្រជាជនទាំងពីរក្នុងការពង្រឹងមិត្តភាព និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ។ មជ្ឈមណ្ឌលនេះ នឹងផ្តល់ឱកាសដល់សិស្សនិស្សិតកម្ពុជា ឱ្យស្វែងយល់ពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងប្រាំពាន់ឆ្នាំរបស់ប្រទេសចិន កាន់តែទូលំទូលាយថែមទៀត។
ការបើកមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា នឹងផ្តល់សេវាកម្មកាន់តែងាយស្រួល និងការណែនាំប្រកបដោយវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ទៅសិក្សានៅបរទេសក៏ដូចជាចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងកម្ពុជា-ចិន។
ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលស្តានីអ៊ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺកម្ពុជា ជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន សម្រាប់បម្រើដល់ការអភិវឌ្ឍធនធានមនុស្ស និងជាសក្ខីភាពដ៏រឹងមាំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដោយបានគូសបញ្ជាក់ថា កិច្ចសហការប្រតិបត្តិការរវាង កម្ពុជា-ចិន លើវិស័យអប់រំ ឋិតក្នុងក្របខ័ណ្ឌត្បូងពេជ្រ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក្នុងការការបន្តផ្ដល់អាហារូបករណ៍ដល់យុវជនកម្ពុជា និងការបន្តកសាងវិទ្យាស្ថានខុងជឺ ឱ្យបានច្រើនកន្លែងថែមទៀតនៅកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ផងដែរ អំពីគោលនយោបាយ និងទិសដៅអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និង កីឡាឆ្នាំ២០២៣-២០២៨ ដែលក្រសួងបានដាក់ចេញនូវគោលបំណងនៃការអប់រំជាតិដូចខាងក្រោម៖
1) បណ្តុះមនសិកាស្នេហាជាតិ មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងមោទនភាពជាតិ តាមរយៈការលើកកម្ពស់ការប្រកាន់នូវគំនិត គុណតម្លៃ បំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវសាមគ្គីភាពជាតិ និងអត្តសញ្ញាណជាតិ។
2) ផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យភាពរវាងការអភិវឌ្ឍកាយសម្បទា បញ្ញា អារម្មណ៍ សោភណ្ឌភាព និងស្មារតី។
3) ផលិតធនធានមនុស្សដែលមានចំណេះដឹង បំណិន និងសមត្ថភាព ដែលស្របទៅ តាមតម្រូវការទីផ្សារការងារសម្រាប់សេដ្ឋកិច្ចពុទ្ធិប្រកបដោយពិពិធភាព ដែលអាចប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលលោក។ (រួមបញ្ចូលទាំងការលើកកម្ពស់ការអប់រំភាសារចិន)
4) រៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីឱ្យពួកគេអាចចូលរួមក្នុងពិភពលោក ដែលមានទំនាក់ទំនងជាមួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក និងអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាព និងប្រកបដោយចីរភាព។ ឆ្នាំ២០២៣ កន្លងមកនេះ ជាខួបលើទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសកម្ពុជា និងចិន ហើយបច្ចុប្បន្ននេះ កម្ពុជា-ចិន មិនត្រឹមតែក្លាយជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា ” មិត្តភាពដែកថែប ” ជាមួយការប្តេជ្ញាបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅការកសាង “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី”៕