អគ្គនាយករង ប.ស.ស. អញ្ជើញធ្វើបទបង្ហាញពីប្រព័ន្ធសន្តិសុខសង្គម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ”
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទបង្ហាញអំពីប្រព័ន្ធសន្តិសុខសង្គម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ” ក្រោមអធិបតីភាពលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការធ្វើបទបង្ហាញខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងស្តីពីប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសលើសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមរួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ជាពិសេសការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាជនបង្គោលយេនឌ័រ តាមអង្គភាពស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវទៅដល់សិក្ខាកាមជាមន្ត្រីរាជការ ដែលមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) និងកូនក្នុងបន្ទុក សូមអញ្ជើញទៅចុះឈ្មោះទាំងអស់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាជនបង្គោលយេនឌ័រ សរុបប្រមាណ ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕