ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះ ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ត្រពាំងបាញ់ចាម និងប្រគល់អំណោយមេទ័ពជើងគោក ជូនកងកម្លាំងចម្រុះ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងទាំងបី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ទៅត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ ពីសណាក់ក្រុមជនល្មើសមួយចំនួននៅក្នុងភូមិសាស្ត្រតំបន់ត្រពាំងបាញ់ចាម ក្នុងសហគមន៍ក្បាលដូនក្រីនិងប្រគល់អំណោយរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឃុំមានរិទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក លី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រចាំការនៅតំបន់ព្រៃឡង់ បានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះមានឈ្មោះហៅថា តំបន់ជាំរឹម និងតំបន់ត្រពាំងបាញ់ចាម ស្ថិតក្នុងព្រៃសហគមន៍ក្បាលដូនក្រី នៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណជាជាង ១៣ ហិកតា នៅពីរទីតាំង ដែលជាផ្ទៃដីដែលមានការកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេលកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនទាន់មកបំពេញបេសកកម្មនាពេលកន្លងទៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិពីសំណាក់ជនល្មើសមួយចំនួន និងបានណែនាំដល់មន្ត្រីជំនាញដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដី ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ទាំងនេះយកមករក្សាទុក្ខ ឲ្យបានគង់វង្សមិនឲ្យមានការបាត់បង់ជាដាច់ខាត នឹងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ភេសជ្ជៈ អាវភ្លៀង តង់កៅស៊ូ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងពេលបំពេញបេសកកម្ម ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំផងដែរ ៕