ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានសម្តេចធិបតីនាយករដ្ឋមន្ត្រីដឹកនាំដោយឯកឧត្តម គួច វែងស៊្រុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់(IDFMP) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) បានទទួលប្រភពទឹកមកពីតាមបណ្តាអូរ និងស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសក្តានុពលគ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១នៃក្រុង-ស្រុកចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យគឺ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ។ ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ១)ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ, ២)សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង៣)សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ បើគិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពគម្រោងសម្រេចបាន ៤៦,៩៧%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងតាមទីតាំងសំខាន់ៗ របស់គម្រោង ១)អាងទឹកវាំងហែងដែលមានផ្ទៃអាងទំហំ ១៥៧,៧គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៦,២៣គីឡូម៉ែត្រ មានលទ្ធភាពស្ដុកទឹកអតិបរមា ៤លានម៉ែត្រតី្រគុណ និង២)អាងទឹកកន្សែងដែលមានផ្ទៃអាងទំហំ ៧៦០,៥គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៧,១២គីឡូម៉ែត្រ និងមានលទ្ធភាពស្ដុកទឹកអតិបរមា ១៥,៣លានម៉ែត្រត្រីគុណ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបម្រើឱ្យអន្តរវិស័យ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គម្រោងនេះក៏ជួយកាត់បន្ថយនូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ ជាពិសេសទឹកជំនន់ឆ្លងដែនពីប្រទេសថៃ និងគ្រោះរាំងស្ងួត ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៥៤ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន ៤២ ២១៣គ្រួសារ ៕