ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រារព្ធពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មានការចូលរួមពីគ្រប់ស្ថាប័ន, គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋានជាច្រើន ដែលមានទាំងមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, សិស្សានុសិស្ស, យុវជន យុវនារី, កម្មករ កម្មការិនី, សិល្បករ សិល្បការិនី, វិស័យអន្តរសាសនា, ដៃគូជាតិ អន្តរជាតិ សប្បុរសជន និងវិស័យឯកជនជាច្រើន បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាមួយ ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំង ស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន»។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា មិនខុសពីឆ្នាំមុនៗនោះទេ រាល់ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតតាំងពីឆ្នាំ១៩៨៧មក, អង្គការសហប្រជាជាតិ តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការ គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានដាក់ចេញនូវប្រធានបទមួយនៅរាល់ទិវាអន្តរជាតិ ដោយប្រធានបទឆ្នាំនេះ គឺ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគ លើការបង្ការ គឺជាការចាំបាច់» ដោយផ្ដោតសំខាន់ទៅលើ វិធានការបង្ការ ការពារជាជាងវិធានការបង្ក្រាប និងព្យាបាល ក្នុងនោះកម្ពុជា ក្នុងនាមជាសមាជិក និងហត្ថលេខីនៃអនុសញ្ញា បានសម្រួចខ្លឹមសារអត្ថន័យប្រធានបទសម្រាប់ទិវាអន្តរជាតិនៅកម្ពុជាយើង គឺ «រួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។
ដើម្បីឲ្យខ្លឹមសារ នៃទិវាអន្តរជាតិនាឱកាសនេះ កាន់តែមានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ដ្រី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់អនុសាសន៍ និងចែករំលែកនូវទស្សនាទានមួយចំនួនដូចខាងក្រោម៖
ទី១.សំណូមពរដល់ជនរួមជាតិទាំងអស់ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។ ក្នុងន័យនេះ ចាប់ផ្តើមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាសរហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំ ក្រើនរំលឹក ពីផលប៉ះពាល់វិនាសកម្ម នៃគ្រឿងញៀន និងត្រូវមានជំហរដាច់ខាត មិនថាក្នុងកាលៈទេសៈណាក៏ដោយ គឺមិនពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
ទី២.សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមចូលរួមវិនិយោគលើវិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឲ្យបានទូលំទូលាយទូទាំងប្រទេសប្រកប ដោយភាពទាក់ទាញ, ពេញនិយម និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ ស្នើដល់សមាគមសិល្បករខ្មែរ, សមាគមអ្នកនិពន្ធខ្មែរ និងភាគីពាក់ព័ន្ធដទៃទៀត សូមចូលរួមបញ្ជ្រាបការយល់ដឹង ពីគ្រឿងញៀននេះតាមវិស័យសិល្បៈ ដូចជាតាមរយៈ ការតាក់តែង ចម្រៀង រឿងខ្លីអប់រំ និងផ្សព្វផ្សាយសារអប់រំពីគ្រឿងញៀន ទៅគ្រប់វេទិកា និងព្រឹត្តិការណ៍សិល្បៈនានា ដើម្បីជាសារ ដាស់តឿនក្រើនរំលឹកជាប់ជាប្រចាំដល់ពលរដ្ឋទូទាំងប្រទេសជាពិសេសយុវជនរបស់យើង។
ទី៣.សូមលើកទឹកចិត្តឲ្យមានការបញ្ជ្រាបប្រធានបទប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅរាល់ព្រឹត្តិការណ៍នានា ទាំងក្នុងព្រឹត្តិការណ៍អប់រំ, កីឡា, សាសនា, វប្បធម៌, សិល្បៈ។ល។
ទី៤.សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឲ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំងនៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗ សម្រាប់ប្អូនៗក្មួយៗ សិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា, ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិនឹងអន្តរជាតិ ពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវាបន្យាបព្យាបាល និងស្ដារនីតិសម្បទា។
លើសពីនេះទៀត កម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជា ស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច ៕