ឯកឧត្តម ស្វាយ សំអ៊ាង ផ្ដល់អនុសាសន៍៧ចំណុច ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ប្រកបដោយចីរភាព
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានផ្ដល់អនុសាសន៍៧ចំណុច ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ប្រកបដោយចីរភាព។
ឯកឧត្តម ស្វាយ សំអ៊ាង បានផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
អនុសាសន៍៧ចំណុច ដែលឯកឧត្តម ស្វាយ សំអ៊ាង បានដាក់ចេញ មានដូចខាងក្រោម៖
ទី១-គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រកបដោយចីរភាព និងបានរួមចំណែកក្នុងការគាំទ្រ និងផ្តល់ផលប្រយោជន៍ជាច្រើនថែមទៀត ចំពោះគុណ បំណាច់អតីតយុទ្ធជន។
ទី២-បន្តពង្រឹងពង្រីកយន្តការ និងសមាជិកភាពនៃរចនាសម្ព័ន្ធសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឆ្លើយតបទៅនឹងគោលការណ៍ លក្ខន្តិកៈ របស់សមាគមអតីតយុទ្ធជន។ ក្នុងនោះក៏ត្រូវបន្តខិតខំជំរុញការអនុវត្តភារកិច្ចក្នុងរចនាសម្ព័ន្ធដឹកនាំពី ថ្នាក់ខេត្ត ក្រុង ស្រុក ដល់ឃុំ សង្កាត់ ដែលបង្កលក្ខណៈងាយស្រួល ការរាយការណ៍ និងឈាន ទៅអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីចាំបាច់នានា។
ទី៣-ដឹកនាំសម្របសម្រួលការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឱ្យកាន់តែមានភាពរីកចម្រើន និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងកិច្ចសហប្រតិបត្តិការជាមួយយន្តការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្ត តួនាទី ភារកិច្ចឱ្យសម្រេចបានជោគជ័យតាមដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។
ទី៤-ត្រូវយកចិត្តទុកដាក់ ក្នុងការចុះជួបជាមួយបងប្អូនអតីតយុទ្ធជន នៅក្នុងមូលដ្ឋាន និងក្តាប់ឱ្យបាននូវទុកលំបាករបស់ពួកគាត់ ហើយត្រូវជួយសម្រួល និងដោះស្រាយភ្លាមៗតាមលទ្ធភាព ក្នុងករណីមិនមានលទ្ធភាព ត្រូវរាយការណ៍ទៅថ្នាក់លើដើម្បីជួយដោះស្រាយ។
ទី៥-ត្រូវខិតខំ ធ្វើការសម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលា នៅពេលដែលអតីតយុទ្ធជនរបស់យើងទទួលមរណៈភាព ដោយសម្រួលថវិកាគោលនយោបាយ និងថវិកាមរណៈសង្គ្រោះ ជូនដល់គ្រួសារអតីតយុទ្ធជនរបស់យើង។
ទី៦-ត្រូវចងក្រងឯកសារជីវប្រវត្តិរបស់សមាជិកអតីតយុទ្ធជន ឱ្យបានត្រឹមត្រូវសម្រាប់ជា មូលដ្ឋានប្រើប្រាស់នៅពេលចាំបាច់ និងធានាថាពួកគាត់អាចទទួលបាននូវជំនួយឧបត្ថម្ភតាម គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការដោះស្រាយទុក្ខលំបាករបស់សមាជិក បានទាន់ពេលវេលា ដោយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត។
ទី៧-ត្រូវយកចិត្តទុកដាក់លើការកៀរគរធនធានហិរញ្ញវត្ថុ ស្បៀងអាហារ សម្ភារប្រើ ប្រាស់ដើម្បីមានលទ្ធភាពក្នុងការដោះស្រាយការលំបាក និងបន្តអនុវត្តផែនការសកម្មភាពការងារ រៀបចំបែងចែកដីធ្លី និងជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនរបស់យើងដែលនៅសេសសល់ក្នុង មូលដ្ឋាន ដោយផ្តល់អាទិភាពខ្ពស់ ជាពិសេសដល់សមាជិកអតីតយុទ្ធជនឱ្យសាកសមនឹងគុណ បំណាច់របស់ពួកគាត់ដែលបានបម្រើ និងលះបង់ ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូន មាតុភូមិកម្ពុជានាពេលកន្លងមក ៕