សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។
ពិធីនេះ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកជំទាវជាឧត្តមភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែលត្រូវទទួលប្រកាសថ្មី ព្រមទាំងលោកជំទាវ លោកស្រី ជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:មានប្រសាសន៍ថា “គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន ១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩.៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១នាក់ ពោលគឺស្មើនឹង៤២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា “គិតពីឆ្នាំ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារណៈមានការកើនឡើងជាបន្តបន្ទាប់ ពី២៥% ដល់២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី៤០% ដល់៤២%”។
ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនាព្រឹកនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។
ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវ បានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ: និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារី ក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា» ៕