ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
សូមជម្រាបថា ប្រព័ន្ធប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានការស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រក្នុងនោះប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុងប្រវែង ៣,៧គីឡូម៉ែត្រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការងារកាយទំនប់ (cofferdam) ក្រោមស្ពាន ដើម្បីដំណើរការបង្ហូរទឹកក្នុងប្រព័ន្ធប្រឡាយព្រែកហូរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការកាយទំនប់ (cofferdam) នាពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ថា ទំនប់ cofferdam មិនទាន់កាយចេញ ដើម្បីទុកឱ្យសម្តេចបានពិនិត្យវឌ្ឍនភាពជាក់ស្តែងពីទិដ្ឋភាពប្រព័ន្ធប្រឡាយព្រែកហូរ ជាពិសេសប្រឡាយរៀបថ្ម និងប្រឡាយចាក់បេតុង។
សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយព្រែកហូរមានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមាណ ៥១៥ ម៉ែត្រត្រីគុណក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រត្រីគុណក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងព្រែកថីប្រមាណ ១០០ម៉ែត្រត្រីគុណក្នុង១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥% ៕