ប្រធានគណ:មេធាវីកម្ពុជា អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ឧត្តមភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេជ្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ឧត្តមភាព និងមានការអញ្ជើញចូលរួមដោយសមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ផងដែរ។ ពិធីនេះប្រារព្ធធ្វេីនៅបុរីរុងរឿង ផ្ទះលេខR4-៣៩០០ វិថីរុងរឿង៤ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមមេធាវី ឧត្តមភាព ក្រោមការគ្រប់គ្រងរបស់លោកមេធាវី វ៉េង បញ្ញា និងបានចូលរួមអបអរសាទរចំពោះអគារការិយាល័យដ៏ល្អប្រណិតរបស់ក្រុមមេធាវី ឧត្តមភាព និងបានជូនពរឱ្យលោកមេធាវី វ៉េង បញ្ញា និងសហការី មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ៕