អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឲ្យពលរដ្ឋ ចូលរួមថែរក្សាផ្លូវ ដោយជៀសវាងការយកចំណីផ្លូវ ប្រើប្រាស់ដោយខុសច្បាប់ ប៉ះពាល់សោភ័ណភាព អាចបង្កដល់គ្រោះថ្នាក់ផ្សេងៗ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានការចូលរួមក្នុងការ ថែរក្សាផ្លូវ ដោយជៀសវាងការយកចំណីផ្លូវប្រើប្រាស់ដោយខុសច្បាប់ ប៉ះពាល់សោភ័ណ ភាព អាចបង្កដល់គ្រោះថ្នាក់ផ្សេងៗ និងការបើកបរលើសទម្ងន់កំណត់ជាដើម។
ការអំពាវនាវរបស់អភិបាលខេត្តស្ទឹងត្រែង ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST លើកំណាត់ផ្លូវលេខ៦៤ បណ្តោយប្រវែង ១.០០០ម៉ែត្រ ទទឹង ១៨ម៉ែត្រ មានផ្ទៃក្រឡា ១៨.០០០ម៉ែត្រការេ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ថ្លែងក្នុងឱកាសនោះឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្ដមពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបាន ចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែងរបស់យើង ដើម្បីបើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូប្រវែង ១គីឡូម៉ែត្រថែមទៀត ស្ថិតនៅលើកំណាត់ផ្លូវលេខ៦៤ ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង។
ឯកឧត្ដមបានលើកឡើងថា ជាក់ស្តែងនៅលើកំណាត់ផ្លូវនេះ យើងអនុវត្តគម្រោងស្ថានាផ្លូវកៅស៊ូ និងពង្រីក ផ្លូវកៅស៊ូជាបន្តបន្ទាប់រួចមកហើយ ដោយឡែកនៅឆ្នាំនេះ យើងបន្តស្ថាបនាឱ្យបានភ្ជាប់ គ្នាតែម្តងត្រង់ចន្លោះដែលនៅសេសសល់ ដែលថ្ងៃនេះយើងជួបជុំគ្នាដើម្បីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ តាមផែនការដែលបានគ្រោងទុក។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ និងអបអរសាទរចំពោះ សមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងទឹកដីនៃមូលដ្ឋាន ភូមិ សង្កាត់ ក្រុងក្នុងខេត្តស្ទឹងត្រែង របស់យើងក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាការ លើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងត្រែង។
ជាមួយគ្នានោះឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានគូសបញ្ជាក់ថា ក្រោមសុខសន្តិភាព ប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍ រីកចម្រើន ឡើងលើគ្រប់វិស័យ។ ខណៈក្នុងពេលប៉ុន្មានឆ្នាំកន្លងមកប្រទេសយើងក៏រងផលប៉ះពាល់ ពីបញ្ហាប្រឈមពីជំងឺកូវីដ-១៩ និងកត្តាប៉ះពាល់ផ្សេងៗទៀតពីខាងក្រៅ ដែលធ្វើឱ្យប៉ះ ពាល់សេដ្ឋកិច្ចសង្គមមួយផ្នែកធំ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី នីតិកាលទី ៧ នៃរដ្ឋសភា បានកំពុងនិងបន្តជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណឆ្ពោះទៅសម្រេចបានគោលដៅកម្ពុជាឆ្នាំ២០៥០។
ឯកឧត្ដមបន្ថែមថា ទន្ទឹមនឹងការបើកដំណើរការស្ថាបនាផ្លូវកៅស៊ូ ១.០០០ម៉ែត្រ ទទឹង១៨ម៉ែត្រ នេះ កន្លងទៅថ្មីនេះខេត្ត ក្រុង និងសង្កាត់ក៏បានអនុវត្តគម្រោងស្ថាបនាផ្លូវបេតុង ជាច្រើន ខ្សែងផងដែរ ព្រមទាំងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញបង្ហូរ និងអាងប្រព្រឹត្ត កម្មទឹកកខ្វក់ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ABD) នៅក្នុងទី រួមក្រុងស្ទឹងត្រែងផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដែលកន្លងមកតែងតែគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសគឺបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល ដែលផ្ទុយពីទស្សនរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលមានបរទេសនៅពីក្រោយ។ ការចូលរួមរបស់សកម្មជនបក្សប្រឆាំងមកលើរាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព និងអភិវឌ្ឍន៍ការការពារលទ្ធិប្រជាធិបតេយ្យ ការពារអាយុជីវិតប្រជាជន និងការរស់នៅប្រកបដោយសុខដុមរមនាក្នុងសង្គមជាតិ។
ឯកឧត្ដមមានប្រសាសន៍បន្តថា ការចូលរួមក្នុងការអភិវឌ្ឍ និងស្ថាបនាផ្លូវមួយខ្សែនេះ ពីសំណាក់ប្រជា ពលរដ្ឋ ដែលមានការប៉ះពាល់បន្តិចបន្តួច យើងមានការយោគយល់ អធ្យាស្រ័យ ដើម្បី ផលប្រយោជន៍មូលដ្ឋានយើង។ ជាក់ស្តែងកន្លែងយើងរៀបចំពិធីនេះ ក៏មានការយោគ យល់និងចូលរួមអនុញ្ញាតឱ្យមានការរៀបចំពីម្ចាស់ទីតាំងផងដែរ។
ឯកឧត្ដមថ្លែងថា ការចូលរួមថែរក្សាផ្លូវនេះ និងសមិទ្ធផលដែលយើងបានរួមគ្នាអភិវឌ្ឍឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ជាការពិតហើយការអភិវឌ្ឍនៅពុំទាន់បាន ឆ្លើយតបឱ្យបានគ្រប់ក្នុងពេលតែមួយបានទេ ដោយធនធានយើងក៏នៅមានកម្រិត តែក៏យើងនៅតែបន្តធ្វើឡើងក្នុងជំហានៗ។ ដូចបានដឹងស្រាប់ផ្លូវនេះពីមុនគឺជាផ្លូវមានទទឹង តូច បច្ចុប្បន្នយើងបានពង្រីកធំទូលាយ អាចងាយស្រួលក្នុងការធ្វើដំណើរ និងការផ្សារ ភ្ជាប់បងប្អូនក្នុងមូលដ្ឋានទៅទីប្រជុំជនក្រុង ការសម្រួលដល់ការពង្រីកមុខរបរ និង ការងារបង្កបង្កើនផលសម្រាប់បង្កើនប្រាក់ចំណូលរបស់គ្រួសារថែមទៀត។
ទន្ទឹមគ្នានោះឯកឧត្ដម លើកឡើងទៀតថា តែបើបានផ្លូវថ្មីហើយធំ សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ ចរាចរណ៍ បើកបរត្រូវមានមួកសុវត្ថិភាព និងកុំបើកបរក្នុងស្ថានភាពស្រវឹងជាដើម រួមនឹង ការជួយអប់រំណែនាំដល់កូនចៅក្នុងការបើកបរ និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យទាំងអស់គ្នា។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ចំនួន ១៥០នាក់ ក្នុងអង្គពិធីនេះ ដែលក្នុងម្នាក់ៗទទួលបាន សារុង១ ក្រមា១ និងថវិកា ២០.០០០រៀល ៕