សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន៧១នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវ អាន្នី សុខអាន និងលោកជំទាវ ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងក្រុមគ្រួសារមន្ត្រីកាកបាទក្រហមកម្ពុជា ចូលរួមអបអរសាទរសរុបចំនួន ៩៩នាក់។
គ្រឿងឥស្សរិយយសចំនួន ៧១គ្រឿង ដែលបានផ្តល់ជូនមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ចំនួន ៧១រូប សុទ្ធសឹងតែជាអ្នកធ្លាប់បានបម្រើការងារជូនកាកបាទក្រហមកម្ពុជា រយៈពេលចាប់ពី ២០ឆ្នាំ ដល់ ៤០ឆ្នាំ។ នេះជាការលើកទឹកចិត្តដ៏ធំធេងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមន្ត្រី បុគ្គលិក ដែលមានគុណបំណាច់ និងស្នាដៃ បានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា បម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាំងពីយូរយាណាស់មកហើយ រហូតដល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា គ្រឿងឥស្សរិយយសចំនួន ៧១គ្រឿង ជូនមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា មានតាមលំដាប់ថ្នាក់ដូចខាងក្រោម៖
១. គ្រឿងឥស្សរិយយស ជាតូបការ ចំនួន ២៤គ្រឿង។
២. គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ១គ្រឿង។
៣. គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៨គ្រឿង។
៤. គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ៣៨គ្រឿង ៕