ក្រសួងកសិកម្ម អំពាវនាវឲ្យប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីបាញ់ថ្នាំកម្ចាត់
ភ្នំពេញ៖ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទ បានអំពាវនាវដល់ប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីបាញ់ថ្នាំកម្ចាត់ចោល។
ឯកឧត្តម ងិន ឆាយ បានបន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងថាការបន្តចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់និងកម្ចាត់ដង្កូវតាមរយៈការណែនាំ និងផ្តល់សៀវភៅ ស្តីពី វិធានការចម្រុះគ្រប់សមាសភាពចង្រៃលើដំណាំស្រូវ និងបច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេសដែលអាចចៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនានេះ ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅ ខេត្តកំពង់ស្ពឺ ប្រមាណជា៦៥ហិកតាប៉ុណ្ណោះ ខណៈមកដល់ថ្ងៃទី២៣ ខែមិថុនានេះ ផលប៉ះពាល់ដំណាំស្រូវមានចំនួនប្រហែលជាជិត២០០ហិកតា។
ឯកឧត្តមអគ្គនាយកបានបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា៕