សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៤ចំនុច ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យអប់រំ ដែលជាវិស័យដ៏មានសារៈសំខាន់នេះ ឲ្យកាន់តែរីកចម្រើន ។
ទស្សនៈ និងអនុសាសន៍សំខាន់ៗទាំង ៤ចំណុចនោះរួមមានដូចខាងក្រោម៖
ទី១.សម្តេចធិបតី លើកទឹកចិត្តឱ្យ បណ្តាញសាកលវិទ្យាល័យសាយបរកម្ពុជា និង
វិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋ- កិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និង សាកលភាវូបនីយកម្ម។
ទី២.សម្តេចធិបតី ស្នើឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ,
ទាំងរដ្ឋ និងឯកជន, ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការ ដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបរិវត្តកម្មឌីជីថលនៅ កម្ពុជា។
ទី៣.សម្តេចធិបតី ជំរុញ និងលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរ- ជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សន- កិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលចំណេះដឹងថ្មីៗ, បទពិសោធជាក់ស្តែង និង ឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការ សិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។
ទី៤.សម្តេចធិបតី លើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើក- ស្ទួយ វិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់ សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជា ប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជន សម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ប្រកបដោយអរិយធម៌រុងរឿង ៕