រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបន្តផ្តោតលើប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំមួយរូប” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៧១នាក់។
ការរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ គឺជា អាទិភាពមួយក្នុងចំណោមអាទិភាពចាំបាច់នៃសុខាភិបាល សម្រាប់ការពង្រឹងស្ថាប័ន ក្នុងការគាំទ្រកំណែទម្រង់ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងសប្តាហ៍នេះ ខ្លឹមសារបស់វគ្គ ផ្តោតលើភាពជាអ្នកដឹកនាំដែលចេញពីឥទ្ធិពលបុគ្គលដឹកនាំ ដែលជាការដឹកនាំមួយសំដៅផ្តល់ផលជាវិជ្ជមាន ដល់ការគ្រប់គ្រង និងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងនិរន្តរភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកឧបករណ៍ Johari Window មកបង្ហាញ ដែលឧបករណ៍នេះ បែងចែកលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំដោយប្រើប្រាស់វិជ្ជមាត្រ២ គឺ ការដឹងពីខ្លួនឯង និងការស្គាល់ពីអ្នកដ៍ទៃ។ ជារួម Johari Window ចែកអ្នកដឹកនាំជា ៤ ប្រភេទ រួមមាន Public Self, Blind Self, Private self និង Unknown self។ ក្នុងទ្រឹស្តីនេះ អ្នកដឹកនាំដែលបង្កើតបានឥទ្ធិពលជាងគេគឺជាអ្នកដឹកនាំដែលមានលក្ខណៈ Public self។ អ្នកដឹកនាំ Public Self ជាអ្នកដឹកនាំដែលបានស្គាល់ចំនុចខ្លំាងនិងចំណុចខ្សោយរបស់ខ្លួនឯងច្បាស់ ហើយក៍បង្ហាញចំនុចទាំងនេះអោយអ្នកនៅជុំវិញបានដឹងផងដែរហើយការធ្វើបែបនេះនឹងធ្វើអោយអ្នកដឹកនាំនោះអាចទាក់ទាញទំនុកចិត្ត និងការចូលរួមពីបុគ្គលិកបានច្រើន។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលចាប់ពីសប្តាហ៍នេះមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ៕