នាយករដ្ឋមន្ត្រី ណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសទ័ពថ្មីបន្ថែម ត្រូវផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ប៉ូលីស និងអាវុធហត្ថ ដើម្បីឲ្យគាត់មានឱកាសបន្តវេនពីឪពុកម្តាយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសទ័ពថ្មីបំពេញនៅថ្ងៃក្រោយ ត្រូវផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផង ដើម្បីឲ្យគាត់បានមានឱកាសនៅក្នុងការចូលក្នុងការបំពេញភារកិច្ចបន្តវេនពីឪពុកម្តាយ
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។
សម្ដេចធិបតី ក៏បានប្រកាសជំហរមិនគាំទ្រការកំណែទម្រង់ផ្សេងៗ ដែលប៉ះពាល់ដល់អតីតយុទ្ធជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ គិតគូរដល់អតីតយុទ្ធជន ដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អតីតយុទ្ធជន ដែលបន្ដជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ ៕