មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងអាងទឹកកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អាងទឹកកំពង់គោដែលកំពុងដំណើរការយ៉ាងសកម្ម ស្ថិតក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ខេត្តកំពងធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញចុះពិនិត្យកិច្ចការជួសជុលស្តារឡើងវិញប្រព័ន្ធស្ទឹងស្លាប់ដែលជាប្រព័ន្ធដោះទឹក និងបង្វែរទឹកដ៏សំខាន់របស់ខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា បានធ្វើការសាងសង់អាងទឹកចំនួន៣ លើដងស្ទឹងសែនគឺ ១)ទំនប់អាងទឹករក្សាក្នុងស្រុករវៀង ខេត្តព្រះវិហារ, ២)អាងទឹកដងកំបិតក្នុងតំបន់ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ និង ៣)អាងទឹកកំពង់គោក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អាងទឹកធំៗទាំងនេះសាងសង់ឡើងជាប្រព័ន្ធបញ្ជូនបន្តគ្នាពីតំបន់ខ្ពង់រាបមកតំបន់ទំនាប បំពេញឱ្យគ្នាទៅវិញទៅមកនូវបរិមាណទឹករាប់ពាន់លានម៉ែត្រគូប ធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ ជាពិសេសបម្រើឱ្យការផលិតនៅគ្រប់រដូវកាល មានសក្តានុពលគ្របដណ្ដប់លើខេត្តព្រះវិហារ ខេត្តកំពង់ធំ និងផ្នែកខ្លះរបស់ខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ឆ្នាំង ៕