សភាសម្ព័ន្ធសហជីពជាតិកម្ពុជាប្រកាសមិនទទួលយកការបំភ្លឺរបស់អង្គការសង់ត្រាល់នោះទេ តែចង់ឱ្យអង្គការមួយនេះ គិតគូរពីផលប្រយោជន៍កម្មករជាធំឡើងវិញ
ភ្នំពេញ៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសមិនទទួលស្គាល់ការបំភ្លឺរបស់អង្គការសង់ត្រាល់នោះទេ ហើយចង់ឱ្យអង្គការមួយនេះ គិតគូរពីផលប្រយោជន៍កម្មករជាធំ តាមរយៈការកែសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៏មានស្តីពី ជំហរ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACចំពោះរបាយការណ៍អង្កការសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស នៅសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាព្រឹកថ្ងៃ ២៧ ខែ មិថុនា ឆ្នាំ២០២៤ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC បានបញ្ជាក់ពីជំហ៊ររបស់ខ្លួនថា អ្វីដែលNACC បានដាក់លិខិតទៅសង់ត្រាល់ឲ្យធ្វើការកែរសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ យើងមិនមែនស្នើសុំការបកស្រាយបំភ្លឺនោះទេ ដូច្នេះជំហររបស់យើងនៅដដែលគឺស្នើសុំឲ្យសង់ត្រាល់កែរសម្រួល របាយការណ៍របស់ខ្លួន ហើយបើសិនជាមិនមានការកែរតម្រូវតាមការស្នើសុំរបស់យើងទេ NACC និងមិនបញ្ឈប់ត្រឹមនិងទេ។
លោកនៅតែយល់ឃើញថា ខ្លឹមសារនៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារនិងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។
លោកបន្ដថា សហជីពទាំងអស់គ្នាជាតំណាង កម្មករ និយោជិតជាង៣២០,០០០នាក់ មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួម របស់កម្មករ។
លោកបន្ដថា គិតត្រឹមព្រឹកថ្ងៃទី២៧ខែមិថុនា គឺយើងឃើញថា សង់ត្រាលបានចេញសេចក្តីថ្លែងការស្រាយបំភ្លឺមួយ ដោយទទួលស្គាល់ថា ទី១-របាយការណ៍នេះមានចេតនា ជំរុញឲ្យមានការកែរសម្រួល ក្នុងការពិនិត្យតាមដានការអនុលោមភាពតាមច្បាប់ ដែលអាចនាំឲ្យមានទិន្នន័យកាន់តែសុក្រិត្យសម្រាប់ប្រើប្រាស់គ្រប់កម្មករ ក្នុងការចរចារ ដើម្បីលើកកំពស់លក្ខខណ្ឌការងារ និងអនុវត្តសិទ្ធិរបស់ខ្លួន។ទី២-ដោយព្រមទទួលស្គាល់ថា វិធីសាស្ត្រ និងទំហំសំណាករបស់គេនៅមានកម្រិត ពុំមានលក្ខណៈតំណាងឲ្យបទពិសោធន៍ជាក់ស្តែង របស់គ្រប់កម្មករ និយោជិតនិងគ្រប់សហជីពទាំងអស់ក្នុងប្រទេសកម្ពុជាទេ និងទី៣-របាយការណ៍ពុំមានចេតនា វាយប្រហារលើភាគីណាមួយឬស្ថាប័នណាមួយហើយក៍មិនមានចេតនាធ្វើឲ្យខូចកេរ្ត៍ឈ្មោះរបស់កម្ពុជានោះដែរ។
ជាមួយគ្នានេះ ប្រសិនបើអង្គការសង់ត្រាល់មិនកែរបាយការណ៍នេះឡើងវិញវិញទេ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សូមស្នើសុំក្រសួងមហាផ្ទៃមេត្តាពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសក៍ដូចជាពិនិត្យការអនុលោមច្បាប់និងលក្ខន្តិកៈរបស់សង់ត្រាល់ហើយចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលសង់ត្រាល់មិនមានអនុលោមភាពតាមច្បាប់និងលក្ខខន្តិកៈរបស់ខ្លួន៕