ឯកឧត្តម ឈាង វុន អញ្ជើញបើកវេទិកាសាធារណៈថ្នាក់ជាតិ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ២០២៤ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ:ថ្នាក់ជាតិស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ២០២៤ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ដោយមានកាចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា អាជ្ញាធរសវនកម្ម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងធនាគារជាតិ នៃកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន។
វេទិកាសាធារណៈថ្នាក់ជាតិស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ២០២៤ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥គឺមានគោលបំណង៖
១.បង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជន ទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
២.ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បានជួបជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅឆ្ពោះទៅបង្កើនការចូលរួមជាសាធារណៈនៅក្នុងវដ្តនៃដំណើរការ រៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
៣.ផ្តល់នូវធាតុចូលជូនក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ថ្លែងក្នុងវេទិកាសាធារណ:នេះ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងកំណត់កម្មវិធីកំណែទម្រង់ជាឧបករណ៍គោលនយោបាយដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់សង្គមកម្ពុជា និងបង្កើតឱកាសថ្មីៗសម្រាប់វឌ្ឍនភាព និងវិបុលភាព។
ឯកឧត្តមបានបន្ថែមថា ក្នុងស្មារតីនៃការជួយជំរុញ និងគំាទ្រដល់ដំណើរការនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋសភាបានអនុម័តលើគោលនយោបាយច្បាប់ និងឧបករណ៍គតិយុត្តសំខាន់ៗមួយចំនួន ព្រមទាំងបាននឹងកំពុងយកចិត្តទុកដាក់តាមដាននូវវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ។ ឯកឧត្តម សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ នឹងជំរុញឱ្យមានការសន្ទនាយ៉ាងផុលផុសក្នុងន័យស្ថាបនា ដើម្បីលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធ ក្នុងដំណើរការនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយតម្លាភាព ៕