កាកបាទក្រហមកម្ពុជា បើកយុទ្ធនាដាំដើមឈើចំនួន២០០ដើម ក្រោមមូលបទស្តីពី “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ” នៅក្នុងបរិវេណសាលារៀន ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ ដែលមានឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការបានអញ្ជើញចូល បើកយុទ្ធនាដាំដើមឈើចំនួន២០០ដើម ក្រោមមូលបទស្តីពី “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ” នៅក្នុងបរិវេណ សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលស្ថិតនៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នាឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ បានថ្លែងថា ដើមឈើដែលយកមកដាក់ដាំនាពេលនេះ សុទ្ធតែជាប្រភេទឈើប្រណិត មានចំនួន២០០ដើម ដោយដាំទុកដើម្បីលម្អសោភណ្ឌភាពបៃតង និងផ្តល់ម្លប់ដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលជាសាលាទើបនឹងបង្កើតថ្មី និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានោះដែរឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកភ្នំក្រវាញ សូមចូលរួមថែរក្សាការពារ នូវសមិទ្ធផលទាំងអស់នេះឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យតំបន់នេះទៅអនាគត មានពណ៌បៃតង និងស្រស់បំព្រងឡើង។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយក្តីនឹករលឹក។
លោកជំទាវបានបន្តថា “កាកបាទក្រហមកម្ពុជា បានកៀរគថវិកាសម្រាប់សាងសងផ្ទះដូចៗគ្នាទាំង៦២៨ខ្នងផ្ទះ ដែលជាថវិកាសប្បុរសជន នៅដីសប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លំនៅដ្ឋានសមរម្យមួយជូនអតីយុទ្ធជនដែលមានពិការភាព”។
លោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ប្រធានមន្ទីរកសិកម្ម លោកគ្រូអ្នកគ្រូ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្មួយៗយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមដាំដើមឈើដ៏មានអត្ថន័យ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទះ និងស្មារតីរួមគ្នាថែរក្សាបរិស្ថានព្រៃឈើឱ្យបានគង់វង្ស ដែលមានអត្ថន័យស្របនឹងថ្នាក់ជាតិឆ្នាំនេះ “ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចិរភាព”៕