សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ គ្រប់ទីកន្លែងអាចធ្វើទៅបាន ពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំពាវនាវឲ្យរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងនេះ ។
ក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ បានសង្កត់ធ្ងន់ថា «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហាខាងមុខ នៅពេលបើកការដ្ឋាននេះ (គម្រោងព្រែកជីកហ្វូណនតេជោ) សូមអំពាវនាវឲ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាង រហូតឈានទៅដល់បាញ់កាំជ្រួច ឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តនូវផ្លែផ្កានៃការអភិវឌ្ឍន៍គម្រោងនេះ» ។
សម្ដេចតេជោ លើកឡើងថា គម្រោងនេះវានឹងបង្កើតឱកាស រាប់រយ រាប់ពាន់ រាប់ម៉ឺនឆ្នាំ សម្រាប់កម្ពុជាដើម្បីធានាថាកម្ពុជា អាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រ បានដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដ៏ទៃ ។ សម្ដេចតេជោ បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រែកជីកនេះនឹងក្លាយទៅជា ប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ ទិសនារតីរបស់កម្ពុជា ដែលជួយបំពេញបន្ថែមទៅឲ្យការទប់ស្កាត់ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវស្ថានភាពបៃតង គ្រប់រដូវកាល នៅទិសនិរតីរបស់កម្ពុជា ។
សម្ដេចតេជោបានថ្លែងអំណរគុណចំពោះបងប្អូនជនរួម ជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំង ក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងព្រែកជីក- ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែល នឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញ ខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការ ដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។
សម្ដេចតេជោ គូសបញ្ជាក់ថា ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯក រាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ ៕