សម្តេច ម៉ែន សំអន អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនគោរម្យងារ និងប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនគោរម្យងារ និងប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ ដែលបានរៀបចំឡើងនៅវត្តនន្ទមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឲ្យកត់ សម្គាល់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជាដែលបានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
សម្តេចបានបន្តទៀតថា ប្រសិនបើអាណាចក្រដើរខុសឆ្គងហើយនោះនឹងនាំវិនាសកម្មសម្រាប់ពុទ្ធចក្រ និយាយដោយឡែក ប៉ុន្តែនិយាយជារួមគឺសម្រាប់សាសនាទាំងអស់តែម្តង។ ត្រង់ចំណុចនេះផងដែរ យើងបានឃើញរួចមក ហើយនៅក្នុងអតីតកាល ដែលពេលដែលប្រទេសជាតិកើតសង្គ្រាម នៅពេលនោះសាសនាក៏ត្រូវបានបំផ្លាញទៅជាមួយគ្នា តាមរយៈការទម្លាក់គ្រាប់បែក គ្រាប់ប្លោង វត្តអារាម គម្ពីរធម៌អាថ៌ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង គ្រួសារនិរាសព្រាត់ប្រាស់ និងការឈឺចាប់រងទុក្ខវេទនាឥតស្រាកស្រាន្ត។
ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនគោរម្យងារ និងប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ ក្នុងថ្ងៃនេះ រួមមាន៖
១.ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូវិជ័យ មេធាព្រះអនុគណ
២.ព្រះញាណកោសល យឹម ចំរើន ព្រះវិន័យធរអនុគណ
៣.ព្រះគ្រូមង្គលចារ្យ ខាន់ សុវណ្ណ ព្រះធម្មធរអនុគណ
៤.ព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណ
៥.ព្រះគ្រូសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះលេខាធិការអនុគណ ៕