មជ្ឈិមបូព៌ា៖ ការងារជួយសង្គ្រោះកំពុងដំណើរការបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា
បរទេស៖ ការងារជួយសង្គ្រោះត្រូវបានអនុវត្តនៅក្នុងជំរុំជនភៀសខ្លួន Jabalia ភាគខាងជើង Gaza Strip បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះនៅក្នុងតំបន់កណ្តាលផ្លូវ al-Hoja នៃជំរុំកាលពីថ្ងៃសៅរ៍។
អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់ត្រូវបានសម្លាប់ និង ២២៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ដែលត្រូវបានឡោមព័ទ្ធក្នុងរយៈពេល២៤ម៉ោង។
អ្វីដែលអាក្រក់ជាងនេះ ការវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់កំពុងបង្កបញ្ហាដល់ការបន្តប្រតិបត្តិការជំនួយមនុស្សធម៌។
កាលពីថ្ងៃសៅរ៍ផងដែរ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បានប្រកាសពីការជម្លៀសទាំងស្រុងនៃទីស្នាក់ការរដ្ឋបាលរបស់ខ្លួននៅក្នុងតំបន់ Al-Mawasi ភាគខាងត្បូង Gaza ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
PRCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជម្លៀសនេះគឺដោយសារតែគ្រាប់ផ្លោងធ្លាក់លើអគារ និងការបាញ់ផ្លោងដោយផ្ទាល់ ដែលបង្កគ្រោះថ្នាក់ដល់បុគ្គលិកដែលធ្វើការនៅខាងក្នុង។
Al-Mawasi គឺជាតំបន់ដីខ្សាច់បើកចំហនៅលើច្រាំងសមុទ្រដែលលាតសន្ធឹងពីភាគនិរតីនៃទីក្រុង Deir al-Balah នៅកណ្តាលនៃ Gaza កាត់ភាគខាងលិច Khan Younis ទៅភាគខាងលិចនៃ Rafah នៅភាគខាងត្បូង Gaza។