គយ ធ្វើការបង្ក្រាប និងដុតកម្ទេចទំនិញហាមឃាត់នាំចូលជាបំណែកសាច់បង្កកជាង ៤តោន ដែលឈ្មួញលួចនាំចូលពីថៃ និងវៀតណាម
ភ្នំពេញ៖ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ករណី ស្មើនឹង ៤,៣២៩គីឡូក្រាម។
១៖ មឹក ១,២១០គីឡូក្រាម, ពោះវៀនជ្រូក ១,៩៧០គីឡូក្រាម និងជើងមាន់ ៩២៤គីឡូក្រាម សរុប ៤,១០៤គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាល នៅក្នុងភូមិសាស្ត្រឃុំអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង នាពេលដឹកជញ្ជូនតាមម៉ូតូសណ្តោងរ៉ឺម៉ក ៣ គ្រឿង លួចលាក់នាំចូលពីប្រទេសវៀតណាម តាមមាត់ច្រករបៀង។
២៖ ចុងស្លាបមាន់ ២២៥គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បង្ក្រាបនិងដកហូតពីឈ្មួញដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ៕