ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សូមជម្រាបថា ក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ នេះ មានការលែងត្រីមេពូជ និងកូនត្រី ចំនួន ១,៥លានក្បាល និងវារីសត្វសរុបជាង ២០ប្រភេទ ក្នុងនោះមានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ ជាដើម ចូលក្នុងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បឹងធំគឺជាបឹងធម្មជាតិដែលមានសក្តានុពលគ្របដណ្តប់លើស្រុកចំនួន៣ នៃខេត្តកំពង់ចាម រួមមាន ស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ ផ្ទៃបឹងមានទំហំប្រមាណ ១២៤៦ហិកតា នៅរដូវប្រាំង និង ៤៣៥៩ហិកតា នៅរដូវវស្សា ដោយទទួលបានរបបទឹកពីទន្លេមេគង្គ តាមបណ្តាព្រែកនានាក្នុងតំបន់។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៣ មកតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅធានាសន្តិសុខស្បៀង អាហារូបត្ថម្ភប្រជាជនខ្មែរ ក៏ដូចជាសកលលោកទាំងមូល ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់កសិទេសចរណ៍តាមបែបធម្មជាតិ ដោយរក្សាបាននូវប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ ៕