ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប និងជាគម្រោងប្រវត្តិសាស្ត្រទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
សូមបញ្ជាក់ថា គម្រោងនេះនឹងបង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ លើតម្រាយខ្សែផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពក្នុងទិសនិរតីនៃប្រទេសកម្ពុជា បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា និងបង្កើតប្រភពត្រីក្នុងព្រែកនិងបម្រើដល់វារីវប្បកម្ម ផងដែរ ៕