អគ្គស្នងការនគរបាលជាតិ៖ ការបង្ក្រាបគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់និងបង្ក្រាប
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងពួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃរបស់កងកម្លាំងនគរបាលទាំងថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត ដែលបានបង្ក្រាប និងរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ ហើយនិងកំពុងបន្តការងារនេះ កាន់តែក្តៅគគុកមិនដកថយនោះទេ។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ជាការគត់សម្គាល់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕