អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានចាត់ទុកថា ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើង ត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរ និងកម្លាំងរបស់យើង ត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់ មិនឲ្យមានការចោលសំរាម ចោលកំទេចសំណង់នានា ចូលទៅក្នុងទន្លេ។
ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់។ ទប់ស្កាត់ការយកភាស៉ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត នៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។
ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្រប បៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើជាគម្របបៃតងឲ្យបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញ ចូលតែមួយពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើឲ្យទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង៕