អ្នកនាំពាក្យ៖ រយៈពេល៧ថ្ងៃ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បង្ក្រាបករណីក្មេងទំនើង ៣១ករណី និងឃាត់ខ្លួន ១២៤នាក់
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងថា រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប ១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។
បើតាមលោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ករណីបង្ក្រាបក្មេងទំនើង ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត ចំនួន១១ រួមមាន ៖ ខេត្តព្រះវិហារកើតឡើង ៣ករណី ឃាត់ខ្លួន ២៩នាក់, រាជធានីភ្នំពេញ ១២ករណី ឃាត់ខ្លួន ២៣នាក់, សៀមរាប ៤ករណី ឃាត់ខ្លួន ២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន ១៣នាក់, កំពង់ស្ពឺ ៣ករណី ឃាត់ខ្លួន ៩នាក់, តាកែវ ១ករណី ឃាត់ខ្លួន ៧នាក់, បន្ទាយមានជ័យ ៣ករណី ឃាត់ខ្លួន ៦នាក់, កណ្តាល ១ករណី ឃាត់ខ្លួន ៦នាក់, ស្វាយរៀង ១ករណី ឃាត់ខ្លួន ៤នាក់, ព្រះសីហនុ ១ករណី ឃាត់ខ្លួន ២នាក់ និងព្រៃវែង ១ករណី ឃាត់ខ្លួន ២នាក់។
សូមរំលឹកថា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕