ក្រុមការងារជំនាញពាក់ព័ន្ធ បន្តការគណនា ពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើបច្ចេកទេស រហូតសម្រេចលទ្ធផលស៊េរីទិន្ន័យ ផ.ស.ស ២២ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ក្រុមការងារនៃវិទ្យាស្ថានជាតិ ស្ថិតិ និងអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រឹងប្រែងយកអស់កម្លាំង កាយ ប្រាជ្ញា និងដោយមានការគាំទ្រ និងផ្តល់បច្ចេកទេសពីអ្នកជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញស្ថិតិស៊ុយអែត បានបន្តការគណនា ពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើបច្ចេកទេសរហូត សម្រេចបានលទ្ធផលស៊េរីទិន្ន័យ ផ.ស.ស ចាប់ពីឆ្នាំ២០០០ ដល់២០២២។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោល គណនេយ្យជាតិឆ្នាំ២០១៤ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍របស់ឯកឧត្តមអគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិ បានជម្រាបអង្គសិក្ខាសាលា អំពីដំណើរការផ្លាស់ប្តូរឆ្នាំគោលថ្មីឆ្នាំ២០១៤ ដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៧ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៩ ក្រោមជំនួយបច្ចេកទេសពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំ តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។ តួលេខបឋមនៃ ផ.ស.ស. ឆ្នាំគោលថ្មី ឆ្នាំ២០១៤នេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ.) លើកទី១ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបាន ទទួលការឯកភាពពី គ.ស.ហ. ក្នុងកម្រិតបច្ចេកទេស និងក៏បានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រើប្រាស់តួលេខ នេះ តែត្រូវបន្តពិភាក្សា និងស្នើសុំមតិយោបល់បន្ថែមពីសំណាក់ IMF និងដៃគូពាក់ព័ន្ធ ក្នុងការគណនាស៊េរី ទិន្នន័យ ផ.ស.ស ចាប់ពីឆ្នាំ២០០០ ដល់២០២២។
ផ្អែកលើគោលការណ៍នេះ ក្រុមការងារនៃវិទ្យាស្ថានជាតិ ស្ថិតិ និងអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រឹងប្រែងយកអស់កម្លាំង កាយ ប្រាជ្ញា និងដោយមានការគាំទ្រ និងផ្តល់បច្ចេកទេសពីអ្នកជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញស្ថិតិស៊ុយអែត បានបន្តការគណនា ពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើបច្ចេកទេសរហូត សម្រេចបានលទ្ធផលស៊េរីទិន្ន័យ ផ.ស.ស ដូចខាងក្រោម៖
១- ស៊េរីទិន្នន័យ ផ.ស.ស ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ត្រូវបានយកមកពិនិត្យ និងពិភាក្សាជាច្រើន លើកដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ជាមួយអ្នកជំនាញពីទីស្នាក់ការកណ្តាលមូលនិធិ រូបិយវត្ថុអន្តរជាតិក្រុងវ៉ាស៊ីនតោន និងអ្នកជំនាញស្ថិតិស៊ុយអែត។
២- បានបន្ស៊ីទិន្នន័យរវាងឆ្នាំគោលចាស់២០០០ និងឆ្នាំគោល២០១៤ លែងមានភាពដាច់គ្នានៃស៊េរី ទិន្នន័យ (Structural break) ។
៣- កំណើនសេដ្ឋកិច្ច និងកំណើនតាមវិស័យ រវាងឆ្នាំគោល ២០០០ និងឆ្នាំ ២០១៤ ពីឆ្នាំ ២០០១-
២០២២ មានសង្គតិភាព និងមានមេគុណទំនាក់ទំនង (Correlation) ជិត ១.០ (>០.៩៥) ។
៤- ធ្វើឱ្យប្រសើរតម្លៃបន្ថែមបច្ចុប្បន្នឆ្នាំគោល២០១៤ ពីឆ្នាំ ២០១៤ ទៅឆ្នាំ ២០០០ ខិតជិតគ្នានឹង តម្លៃបន្ថែមឆ្នាំគោល ២០០០ ។
៥- គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០.១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង ៣៩.៥ ប៊ីលានដុល្លារ និងកំណើន ៥.១% ។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២.៣៤៥ ដុល្លារអាម៉េរិក។
៦- ការគណនាស៊េរី ផ.ស.ស ត្រលប់ទៅឆ្នាំ ២០០០ (Back-casting ២០១៤-២០០០) បានពិនិត្យ និងតេស្តគុណភាព ដោយការធ្វើតេស្តសង្គតិភាព (Sensitivity test) ទាំងផលិតផលសរុប (Output-Output test) និងចំណាយអន្តរការី (Intermediate consumption-IC test) ដោយអ្នក ជំនាញការស៊ុយអែត និងបានបញ្ជាក់អាចទទួលយកបានដោយអ្នកជំនាញមូលនិធិរូបិយវត្ថុអន្តរ ជាតិ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ៕