សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍ ដល់គណ:ប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អញ្ជើញចូលរួមក្នុងវេទិការស្ត្រីទាំង ៣ប្រទេស ក្រោមប្រធានបទ ស្ត្រីសហគ្រិន និង សេដ្ឋកិច្ចបៃតង
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំជាមួយគណ:ប្រតិភូដែលត្រូវបំពេញទស្សន:កិច្ចនៅទីក្រុងហាណូយ នៃសាធារណ:រដ្ឋ សង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងវេទិការស្ត្រី ៣ប្រទេស ក្រោមប្រធានបទ ស្ត្រីសហគ្រិននិងសេដ្ឋកិច្ចបៃតង ដែលពិធីនេះបានរៀបចំនៅវិមាន ៧មករា នារសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន មានមតិផ្តាំផ្ញើរដល់ប្រតិភូ៖ ១. សូមរក្សានូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់យើង, ២. ត្រូវរក្សាស្មារតីសាមគ្គីជាតិ និង សាមគ្គីអន្តរជាតិឲ្យបានល្អ និង៣. ព្យាយាមចែករំលែកនូវការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម ហើយ បច្ចុប្បន្ននារីកម្ពុជាបានក្លាយជាកម្លាំងចលករក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើន។
គួរំលឹកផងដែរថា គណ:ប្រតិភូរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំ ដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន សមាគមនារី នឹងដឹកនាំនារីចំនួន ២២រូប អញ្ជើញចូលរួមវេទិកាស្ត្រីទាំង ៣ប្រទេស វៀតណាម-ឡាវ-កម្ពុជា នៅទីក្រុង ហាណូយពីចាប់ថ្ងៃទី៣-៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រីសហគ្រិន និងសេដ្ឋកិច្ចបៃតង ៕