ឯកឧត្តម ខូយ រីដា អនុញ្ញាតឲ្យប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំបង្កើតឱ្យមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តពោធិ៍សាត់
ភ្នំពេញ៖ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំបង្កើតឱ្យមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តពោធិ៍សាត់។
គោលបំណងក្នុងកិច្ចពិភាក្សា សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានគោលដៅ៖
ទី១៖ ការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តពោធិ៍សាត់
ទី២៖ ការរៀបចំចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តពោធិ៍សាត់។
គួរជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MS MEs) នៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិក ចំនួន ជាង៦០០នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមជា ១៨០០ក្រុមហ៊ុន ដែលមានសាខាតាមខេត្តចំនួន៧ រួមមាន ខេត្ត កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ខេត្ត ក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប និងគ្រោងពង្រីក ទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួន ដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន។ សមាគមមានទិសដៅក្នុងការបង្កើត សមាគមសហគ្រិនវ័យ ក្មេងកម្ពុជាសាខាឱ្យបានគ្រប់ខេត្តត្រឹមឆ្នាំ២០២៦ ៕