មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាមវគ្គបើកបររថយន្តធ្ងន់ៗជំនាន់ទី៦
ភ្នំពេញ៖ នៅទីបញ្ជាការកងពល នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមចំនួន៨០នាក់ ដែលបញ្ជូនមកពីបណ្ដាអង្គភាពផ្សេងៗចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៦ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក។
នៅក្នុងឱកាសជួបសំណេះសំណាលឯកឧត្តម ឈរ សុខ បានមានប្រសាសន៍ទៅកាន់សិក្ខាកាមទាំងអស់ក្នុងវគ្គសិក្សា ត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រនូវគ្រប់មុខវិជ្ជាដែលគ្រូបង្គោលហ្វឹកហ្វឺនតាមមុខវិជ្ជានៅក្នុងវគ្គដើម្បីក្រេបជញ្ជក់យកចំណេះដឹងពីសាលាទៅក្លាយជាចំណេះធ្វើនៅតាមអង្គភាពឱ្យសក្ដិសមជាទំពាំងស្នងឬស្សី នៃកងយោធពលខេមរភូមិន្ទ។
នៅទីបញ្ចប់ឯកឧត្តមមេបញ្ជាការកងពល បានអប់រំដល់សិក្ខាកាមទាំងអស់ត្រូវមានសាមគ្គីភាពល្អ រវាងសិក្ខាកាមជាមួយសិក្ខាកាម សិក្ខាកាមជាមួយគ្រូបង្គោលត្រូវមានភាពស្មោះត្រង់គោរពបាននៅតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងជៀសឆ្ងាយពីគ្រឿងញៀនខុសច្បាប់ ៕