ឯកឧត្តម វ៉ា ថន ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាដាំដើមឈើឡើងវិញទោះជាប្រភេទឈើហូបផ្លែ ឬក៏ឈើមិនហូបផ្លែក្តី អោយបានយ៉ាងតិចក៏១ដើមក្នុងមនុស្សម្នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានកំណត់យកទីតាំងសាលាបឋមសិក្សាល្អ ស្ថិតក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
លោក ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៤ នេះមន្ទីរកសិកម្មបានជ្រើសរើសកំណត់យកទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅក្នុងបរិវេណសាលាបឋមសិក្សាល្អ និងដាំដើមឈើតាមដងផ្លូវស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ហើយប្រភេទកូនឈើដែលត្រូវយកមកដាំក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ដ៏មានសារសំខាន់ និងចែកចាយដល់បងប្អូនប្រជាពលរដ្ឋសម្រាប់យកទៅដាំនៅតាមលំនៅដ្ឋាន រួមមាន ប្រភេទឈើធ្នង់ ក្រញូង និងបេងចំនួន៤៥០ដើម ក្នុងគោលបំណងដើម្បីស្ដារ និងដាំឡើងវិញនៅប្រភេទឈើមានរយៈពេលវែង ដែលធ្វើឱ្យប្រសើរឡើងនៅសោភណ្ឌភាព ទេសភាពធម្មជាតិ បរិស្ថាន និងចូលរួមចំណែកកាត់បន្ថយការឡើងកម្ដៅ នៅក្នុងភពផែនដី និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បុណ្យរុក្ខទិវា ៩កក្កដា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពចាប់ពីអំឡុងឆ្នាំ១៩៩៣មក យើងតែងតែបានរៀបចំប្រារព្ធបុណ្យរុក្ខទិវា ដាំដើមឈើរហូតមកដល់បច្ចុប្បន្ន។ ការដាំដើមឈើមានសារៈសំខាន់ ដែលបានផ្ដល់ជាម្លប់សម្រាប់ជ្រកកោន ជាផ្កា ជាផ្លែផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រលាញ់ព្រៃឈើ សហការការពារព្រៃសហគមន៍ឱ្យបានគង់វង្ស ជាពិសេសសូមបន្តរួបរួមគ្នាដាំដើមឈើឡើងវិញទោះជាប្រភេទឈើហូបផ្លែ ឬក៏ឈើមិនហូបផ្លែក្តី អោយបានយ៉ាងតិចក៏១ដើមក្នុងមនុស្សម្នាក់ នៅតាមទីតាំងណាដែលអាចដាំបាន ជាមួយគ្នានោះក៏ត្រូវណែនាំអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ល្បែងល្បែងសុីសង់ផ្សេងៗ ដែលនាំអោយខូចអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានផ្ដល់ជូនថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ និងឧបត្ថម្ភថវិកាសម្រាប់ទិញបង់ដាក់ឱ្យសិស្សានុសិស្សអង្គុយលេងក្នុងសាលាបឋមសិក្សាល្អផងដែរ ៕