រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជួបប្រាស្រ័យការងារជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីវឌ្ឍនភាពការងារ បច្ចុប្បន្នភាពខ្សែបន្ទាត់ព្រំដែន និងបញ្ហាប្រឈមនានា និងទិសដៅត្រូវអនុវត្តបន្តរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជូនដល់គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤)។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ ឯកឧត្តម ឡាំ ជា រួចមក ឯកឧត្តម កែប ជុតិមា បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងសហការី ដែលបានឆ្លើយបំភ្លឺបញ្ជាក់បន្ថែមលើចម្ងល់ និងចំណាប់អារម្មណ៍របស់តំណាងរាស្រ្ត នៅក្នុងអាណត្តិទី៧នេះ និងសូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហើយឯកឧត្តមមានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពិតជាមានសមត្ថភាពដឹកនាំស្ថាប័ននេះឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពល និងចំណេះដឹងខ្ពស់ ជាពិសេស ការសម្រេចនូវចក្ខុវិស័យក្នុងការ “ឈានទៅរកការកសាងខ្សែបន្ទាត់ព្រំដែនមួយ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ដែលជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ៕