សម្តេច ម៉ែន សំអន អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រកាសផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តតាកែវ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង ត្រូវបានប្រកាសផ្ទេរភារកិច្ចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ជំនួស ឯកឧត្តម អ៊ូច ភា ដែលត្រូវបានទទួលភារកិច្ចថ្មី។
ថ្លែងនៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។
ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់សូមបន្តគាំទ្រ ចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន ដែលនឹងប្រារព្ធពិធីបើក ការដ្ឋាន សាងសង់នៅថ្ងៃទី ៨ សីហា ឆ្នាំ២០២៤ នាពេលខាងមុខ។ គម្រោងព្រែកជីកមួយនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយ ពេលវេលា ធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយនីតិវិធីផ្សេងៗ សម្រាប់នាវា និងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និង បង្កើនល្បឿន នៃការ អភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងធ្វើ សមាហរណកម្ម ការដឹកជញ្ជូនផ្លូវទឹក តាមរយៈ ការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោង នេះក៏នឹងចូលរួម កាត់បន្ថយការខូចខាត ផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយ គ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់ សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើនផងដែរ ៕