ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារចរាចរណ៍ដល់កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយការងារចរាចរណ៍ដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ និងលោកស្នងការរងផែនការងារគ្រប់គ្រងគ្រឿងផ្ទុះ និងអគ្គីភ័យ លោក លោកស្រីនាយការិយាល័យជំនាញកម្លាំងអន្តរាគមន៍ លោកអធិការគ្រប់បណ្តាក្រុងស្រុក។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់នគរបាលចរាចរណ៍ទាំងអស់ត្រូវ -ពង្រឹងការងារចរាចរណ៍ -ពង្រឹងច្បាប់ចរាចរណ៍ – បង្កា ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍។ ត្រូវបន្តពង្រឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ តាមវេទិការសាធារណះ គ្រឹះស្ថានអប់រំ ស្តីពីច្បាប់ចរាចរណ៍ សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កម្លាំងនគរបាលជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោង សម្រាប់ត្រូលសភាពការណ៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង៕