សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្តម ហោ ណាំហុង និងលោកជំទាវ ចំពោះមរណភាពឯកឧត្តម ហោ ណាំបូរ៉ា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចំពោះមរណភាពឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅតាមបណ្តាប្រទេសមួយចំនួន ដែលត្រូវជាកូនប្រុសបង្កើត។
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចខាងក្រោម៖
“ខ្ញុំ និងភរិយាមានក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅតាមបណ្តាប្រទេសមួយចំនួន ដែលត្រូវជាកូនប្រុសបង្កើតជាទីស្រលាញ់របស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ បានទទួលមរណភាព នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:១១នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំដោយរោគាពាធ។
ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅព្រមទាំងសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការ បាត់បង់ ឯកឧត្តម ហោ ណាំបូរ៉ា គឺជាការបាត់បង់នូវកូនប្រុសដ៏មានកតញ្ញូគុណចំពោះមាតាបិតា និងជាការ បាត់បង់ឪពុកដែលមាននូវព្រហ្មវិហារធម៌ចំពោះកូនៗ ពិសេសបំផុតគឺជាការបាត់បង់នូវឥស្សរជនការទូតដ៏ល្អឆ្នើម មួយរូបដែលពោរពេញដោយឆន្ទៈ និងមនសិការក្នុងការបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។
ជាថ្មីម្តងទៀត ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហោ ណាំបូរ៉ា ឆាប់បាន យោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ មេត្តាទទួលនូវការចូលរួមរំលែកទុក្ខ និងក្តីគោរព រាប់អានពីខ្ញុំ និងភរិយា” ៕