ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងអនុសេនាធំកងវិស្វកម្មលេខ៤៦៨ ចេញបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងអនុសេនាធំកងវិស្វកម្មលេខ៤៦៨ ចំនួន ២៤៤នាក់ ប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានមានប្រសាសន៍ថា កងកម្លាំងដែលបានបញ្ជូនពេលនេះជា កងដែលបានត្រួតពិនិត្យសុខភាព ការហ្វឹកហ្វឺនជំនាញច្បាស់លាស់មុននឹងចាប់បញ្ជូន។ ក្នុងនាម ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងណែនាំឲ្យកងកម្លាំងទ័ពមួកខៀវដែលចាត់បញ្ជូនប្តូរវេន ចេញបំពេញបេសកកម្មថែរក្សាសន្តិភាព អសប នៅពេលនេះ ត្រូវបានបង្កើនកិច្ចសាមគ្គីភាពល្អ អនុវត្តបទបញ្ជាកងកម្លាំង ដើម្បីបង្កើនកិត្យានុភាពកម្ពុជា ឆាកអន្តរជាតិ។
ទន្ទឹមនោះ លោកជំទាវ Kristin Parco ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានថ្លែងថា ការចាកចេញរបស់អស់លោកនៅថ្ងៃនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ-សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នាហើយភាពក្លាហានរបស់អស់លោកនឹងបំផុសគំនិតអ្នកដទៃឱ្យអនុវត្តដូចគ្នា។
លោកជំទាវ បានបន្តថា អង្គការសហប្រជាជាតិ សូមកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហាន និងការលះបង់ដែលអស់លោក។ នៅពេលអស់លោកចូលរួមបំពេញបេសកកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល និងរួមចំណែកដល់សន្តិភាព និងសន្តិសុខសកល សូមអស់លោកចងចាំថាអស់លោកចាកចេញទៅជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពខ្ពស់បំផុតរបស់ពួកយើង។
យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបប្រមាណ ៩៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន១២បេសកកម្ម នៅតាមបណ្តាចំនួន ១០ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រើស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើការងារលើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី បានបន្តថា បច្ចុប្បន្ន កម្ពុជា មានកងកម្លាំងមួកខៀវ ប្រមាណ ៦២៧នាក់ បាននិងកំពុងបំពេញបេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាមចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង, លីបង់, អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៕