មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ក្នុងខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាពសហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២(ជំហាន២) ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ដែលមានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០០គីឡូម៉ែត្រ ប៉ែកខាងលិចរាជធានីភ្នំពេញ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១).ជួសជុលទំនប់ដីប្រវែង ១០០០ម៉ែត្រ, ២).ក្រាលដីគ្រួសក្រហមលើខ្នងទំនប់ប្រវែង ១០០០ម៉ែត្រ និង៣).ជួសជុលសំណង់ទ្វារទឹក(ទ្វារ៤)ចំនួន ១កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ គឺដើម្បីបង្កើនបរិមាណស្តុកទឹកដែលទទួលពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ពីជ្រលងភ្នំ និងតាមជួរភ្នំធំស្តុកទុកក្នុងអាងទឹកជ្រោយប្រស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពស្រូវវស្សាចំនួន ២៧៥ហិកតា ស្រូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារ ក្នុងភូមិចំនួន២ របស់ឃុំជ្រោយប្រស់ នៃស្រុកកោះកុង។ បើគិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៩០%។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ដែលមានទីតាំងស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ១៥២គីឡូម៉ែត្រ ប៉ែកខាងលិច រាជធានីភ្នំពេញ។
សូមជម្រាបថា ទំនប់ការពារទឹកប្រៃដងពែង២ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់មកធ្វើការ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៣២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន១២ហិកតា ជូនប្រជាពលរដ្ឋចំនួន ៣៥៤គ្រួសារ ក្នុងភូមិចំនួន២ របស់ឃុំដងពែង នៃស្រុកស្រែអំបិល ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ដែលរួមមានការសាងសង់ទំនប់ដីប្រវែង ២,៥០០ម៉ែត្រ គឺគោលបំណងរួមចំណែកដោះស្រាយ និងធានាបាននូវសុវត្ថិភាពការពារទឹកប្រៃមិនឱ្យហូរចូលលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជួយរំដោះទឹកជំនន់ទឹកភ្លៀងនៅ រដូវវស្សាឱ្យហូរចូលទៅសមុទ្របានទាន់ពេលវេលា និងខ្នងទំនប់ជាផ្លូវលំធ្វើដំណើរក្នុងមូលដ្ឋានតាមបណ្តោយឆ្នេរសមុទ្រ។ បើគិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៣៥%។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងពន្លឿនការងារឱ្យបានទាន់ពេលវេលាសម្រាប់បងប្អូនប្រជាកសិករបានប្រើប្រាស់ក្នុងរដូវវស្សា ព្រមទាំងណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់អាងទឹកនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង ៕