បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរនោះ ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ ទីអូន (ហៅក្រៅក្បាលធំ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិកាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចបុរីហ៊ុយឡេង ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លាង ទីឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សុខ ឡេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា កាលពីថ្ងៃកើតហេតុ ជនរងគ្រោះ និងឈ្មោះ ង៉ោល(ពុំស្គាល់ត្រកូល) ភេទប្រុស អាយុ២៥ឆ្នាំ,ឈ្មោះ ពៅ ទីអូន(ហៅក្បាលធំ) ភេទប្រុស ជាអ្នកស្គាល់នឹងរាប់អានគ្នា។ ពួកគេបានបបួលជនរងគ្រោះទៅអង្គុយលេងនៅបុរីហ៊ុយឡេង ដោយជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ប-មានជ័យ 1L-2850 ពេលទៅដល់ អង្គុយលេងបានមួយសន្ទុះ ឈ្មោះ ពៅ ទីអូន ហៅក្បាលធំ និងឈ្មោះ ង៉ោល បានសុំខ្ចីម៉ូតូរបស់ខ្លួនទៅក្រៅមួយភ្លេត ហើយខ្លួនក៏ឱ្យពួកគេខ្ចីម៉ូតូជិះចេញទៅ តែមិនឃើញត្រឡប់មកវិញ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ទើបជនរងគ្រោះសម្រេចចិត្ដដាក់ពាក្យបណ្ដឹងតែម្ដង។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ពៅ ទីអូន ហៅក្បាលធំ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី និងបានត្រួតពិនិត្យទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។ ចំណែបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយទៅដាក់បញ្ចាំដើម្បីយកប្រាក់ប្រើប្រាស់គ្រឿងញៀន ៕