ឯកឧត្តម កែវ រតនៈ៖ ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ ៕