ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រប្រគេនជូនសិក្ខាកាម កម្មវិធីអប់រំព្រះពុទ្ធសាសនា នៅវត្តភ្នៀតសិម្ពលី រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រប្រគេនជូនសិក្ខាកាមកម្មវិធីអប់រំព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតាចំនួន ៦៣០អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមជម្រាបថា ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រីជាមន្ត្រីរាជការមកពីក្រសួងស្ថាប័ននានា សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តភ្នៀតសិម្ពលីជាច្រើនអង្គ/នាក់។
សូមបញ្ជាក់ថា កម្មវិធីអប់រំព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា បានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយ លាចាកសិក្ខាបទ។ សិក្ខាកាមទាំងអស់បានយល់ពីសីលសមាធិ នៃបញ្ញា ដើម្បីអប់រំជីវិតរស់នៅប្រចាំថ្ងៃឱ្យទទួលបាននូវសុភមង្គល សន្តិភាពផ្លូវចិត្ត ផ្លូវគំនិតប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា។ ពិធីនេះធ្វើឡើង គឺដើម្បីអប់រំចិត្តគំនិត ក៏ដូចជា ដើម្បីរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់បុព្វបុរសខ្មែរ ដែលគោរពតាមព្រះពុទ្ធសាសនាជាយូរអង្វែងណាស់មកហើយ និងអប់រំបណ្តុះនិស្ស័យតាមបែបពុទ្ធសាសនា ជាការតបស្នងសងគុណចំពោះមាតាបិតា និងចំពោះជាតិ សាសនា ព្រះមហាក្សត្រ ៕